ឃាត់មនុស្ស ២នាក់ និងរថយន្ត ១គ្រឿង មានបំពាក់ឧបករណ៍ផ្ដាច់សេវាផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ ជនសង្ស័យ ០២នាក់ ត្រូវបាននគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនភ្លាមៗ តាមបណ្ដោយផ្លូវក្នុងរាជធានីភ្នំពេញ ខណៈជនសង្ស័យកំពុងបើករថយន្តតាមផ្លូវ ដែលមានបង្កប់ឧបករណ៍ផ្ដាច់សេវានៅលើរថយន្តផងដែរ។
កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះ ដោយអនុវត្តតាមការណែនាំពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ចុះចាប់រថយន្ត ០១គ្រឿង ម៉ាកព្រុស ពាក់ផ្លាកលេខ បាត់ដំបង 2B-4571 នៅតាមដងផ្លូវ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរចាត់ការបន្តតាមនីតិវិធី៕
