កម្ពុជាបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេស បង្ហាញពីការឈ្លានពានរបស់ថៃ និងជំរុញឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោះប្រជុំបន្ទាន់មួយជាមួយតំណាងអង្គទូតបរទេសប្រចាំកម្ពុជាចំនួន ៣០ និងអង្គការអន្តរជាតិចំនួន ០៣ រួមទាំងតំណាងអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីធ្វើបទបង្ហាញពីស្ថានការណ៍ជាក់ស្តែងនៃការប៉ះទង្គិចនៅតាមព្រំដែន។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីជម្រាបជូនសហគមន៍អន្តរជាតិ អំពីសកម្មភាពវាយប្រហារឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ និងទី៥ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ “បទឈប់បាញ់” និង “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព” អស់រយៈពេល ៣ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើបទបង្ហាញលម្អិតអំពីស្ថានការណ៍ដែលកំពុងកើតមាន។ ទន្ទឹមនឹងនេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា (CLG) ក៏បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមស្តាប់បទបង្ហាញនេះតាមរយៈប្រព័ន្ធ ZOOM ផងដែរ ដើម្បីធានានូវតម្លាភាព។
តាមរយៈបទបង្ហាញនេះ ក្រសួងការពារជាតិបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាដូចខាងក្រោម៖ ១. ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរធ្លាប់សម្រេចបាន។ ២. ប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងប្រឆាំងការប្រើប្រាស់កម្លាំងយោធា។ ៣. អំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វិញ។
គួររំលឹកថា កិច្ចព្រមព្រៀងសន្តិភាពកាលពីខែតុលាកន្លងទៅ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពសាក្សីកម្រិតខ្ពស់ គឺលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន៕
