ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងកងអនុសេនាធំទី៣ នៃសឹករងខេត្តត្បូងឃ្មុំ សរុប៨នាក់ ចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងដំណើរនេះក្រុមការងារជំនាញបាន រុះរើ បំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ រួមមាន លូស្បៃមុងប្រវែងចំនួន១៨០ម៉ែត្រ បង្គោលជម្រឹងចំនួន៧៥ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏បានជួបសំណេះសំណាលជាមួយប្រជានេសាទ ដើម្បីសាកសួរអំពីទិន្នផលនេសាទក្នុងឆ្នាំ២០២៥ ឃើញថា ប្រជានេសាទរកត្រីបានច្រើនជាងឆ្នាំមុន។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារ នឹងបន្តពិនិត្យ បង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់៕
