ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ប្ដេជ្ញាអនុវត្តចលនា «៣ ពូកែ» និងពង្រឹងការងារសង្គម!

នៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តព្រះសីហនុ ដែលប្រារព្ធឡើងនាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ឃ្មួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ (ជំនួសលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ) បានថ្លែងនូវការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ដើម្បីឆ្លើយតបនឹងការគាំទ្រ និងជំនឿទុកចិត្តពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយពង្រឹង និងពង្រីកសកម្មភាពសមាគម ប្ដេជ្ញាអនុវត្តខ្ជាប់ខ្ជួននូវលក្ខន្តិកៈសមាគម ដោយពង្រឹងសាមគ្គីភាព និងជំរុញចលនាប្រឡងប្រណាំង «៣ ពូកែ» គឺ៖
• ពូកែទី១៖ ការធ្វើសេដ្ឋកិច្ចល្អ។
• ពូកែទី២៖ ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ។
• ពូកែទី៣៖ ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែ។
ឯកឧត្តម បានបញ្ជាក់ទៀតថា នឹងប្តេជា្ញដឹកនាំការងារតាមគោលការណ៍ដឹកនាំ ចាត់ចែង និងសម្របសម្រួលការងាររបស់គណៈកម្មាធិការខេត្តតាមតួនាទី និងភារកិច្ចឱ្យបានម៉ឺងម៉ាត់ ព្រមទាំងអនុវត្តតាមរាល់អនុសាសន៍របស់ថ្នាក់ដឹកនាំសមាគមជាន់ខ្ពស់។ ដោះស្រាយការលំបាក និងផ្ដល់អាទិភាព៖ ប្ដេជ្ញាប្រឹងប្រែងដោះស្រាយការលំបាករបស់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងផ្ដល់អាទិភាពជូនពួកគាត់ឱ្យស័ក្តិសមនឹងគុណបំណាច់ដែលបានបម្រើ និងលះបង់ដើម្បីបុព្វហេតុការពារជាតិ និងកសាងសន្តិភាព។ ប្ដេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការផ្ដល់សេវាគាំពារសុខុមាលភាព តាមរយៈការបើកផ្ដល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ ព្រមទាំងជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះ និងបន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច។ ប្ដេជ្ញាជំរុញមន្ទីរ អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន និងមន្ទីរពេទ្យ/មណ្ឌលយោធិនពិការ។ ព្រមទាំង ខិតខំកៀរគរសប្បុរសជន និងអ្នកពាក់ព័ន្ធជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និវត្តជន ជាពិសេសគ្រួសារដែលកំពុងជួបប្រទះការលំបាក។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ឃ្មួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងកោតសរសើរចំពោះប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ចំពោះការគ្រប់គ្រង និងការដោះស្រាយជូនអតីតយុទ្ធជននាពេលកន្លងមកបានល្អ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការតែងតាំងគណៈកម្មាធិការនាពេលនេះ ដែលគ្របដណ្តប់ចាប់ពីថ្នាក់ខេត្ត ក្រុង ស្រុក គឺដើម្បីធានាឱ្យអតីតយុទ្ធជន និងនិវត្តជនទាំងអស់ទទួលបានអត្ថប្រយោជន៍ក្រោមឆ័ត្រតែមួយ តាមរយៈរចនាសម្ព័ន្ធដឹកនាំប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ចំពោះការខិតខំដោះស្រាយជូនអតីតយុទ្ធជនថ្នាក់ខេត្ត ក្រុង ស្រុក ប្រកបដោយយកចិត្តទុកដាក់ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមបាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភជូនអតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីសរុបចំនួន ២៣០នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០.០០០ (ប្រាំម៉ឺន) រៀលផងដែរ។
