មហាជនបន្តចូលរួមច្រើនកុះករ នៅថ្ងៃចុងក្រោយនៃ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គិតត្រឹមថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍នេះ គេនៅតែសង្កេតឃើញមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករបន្តសម្រុកចូលរួមទស្សនា និងស្វែងយល់ ជាពិសេសគឺក្រុមយុវជន និងនិស្សិត បានឆ្លៀតឱកាសដ៏ល្អនេះ ដើម្បីបង្កើនចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ និងដំណើរការ បរិវត្តកម្មឌីជីថល នៅកម្ពុជា។
គ្រប់ស្ថាប័នរដ្ឋ និងក្រុមហ៊ុនក្នុងវិស័យឯកជនដែលបានចូលរួមតាំងពិព័រណ៍សុទ្ធសឹងតែបានសម្តែងនូវក្តីរីករាយជាខ្លាំងក្នុងការបានចែករំលែកនូវ ចំណេះដឹង បច្ចេកវិទ្យាថ្មីៗ និងបទពិសោធន៍ជាក់ស្តែង របស់ខ្លួនជូនដល់អ្នកទស្សនា។ ពួកគេបានចាត់ទុកវេទិកានេះថាជាឱកាសមាសមួយក្នុងការបង្ហាញពីសមិទ្ធផលនៃបរិវត្តកម្មឌីជីថលរបស់ស្ថាប័នរៀងៗខ្លួន ក៏ដូចជាផ្តល់ជាការយល់ដឹងកាន់តែស៊ីជម្រៅដល់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃមកនេះ បានអនុញ្ញាតឲ្យមានការជួបជុំគ្នារវាងថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់វិស័យ ក្រោមប្រធានបទដ៏ទូលំទូលាយគឺ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
សូមជម្រាបថា គោលបំណងចម្បងនៃវេទិកានេះ គឺការចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការធ្វើបរិវត្តកម្មឌីជីថល ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងសកល និងបង្ហាញពីដំណើរវិវឌ្ឍន៍ឆ្ពោះទៅមុខនៃ យុទ្ធសាស្ត្រកំណើនឌីជីថល របស់កម្ពុជា ត្រូវបានសម្រេចយ៉ាងពេញលេញ។ ការចូលរួមយ៉ាងផុសផុលពីមហាជន ជាពិសេសយុវជន បានក្លាយជាសញ្ញាវិជ្ជមានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការឈានទៅចាប់យកបច្ចេកវិទ្យាសម័យថ្មី ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយដែលមានប្រសិទ្ធភាព និងតម្លាភាពសម្រាប់ពេលអនាគត ៕
