កម្ពុជា​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​អង្គទូត​បរទេស បង្ហាញ​ពី​ការ​ឈ្លានពាន​របស់​ថៃ និង​ជំរុញ​ឱ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព

(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​តំណាង​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា​ចំនួន ៣០ និង​អង្គការ​អន្តរជាតិ​ចំនួន ០៣ រួម​ទាំង​តំណាង​អង្គការ​សហប្រជាជាតិ (UN) ផង​ដែរ ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៃ​ការ​ប៉ះទង្គិច​នៅ​តាម​ព្រំដែន។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ជម្រាប​ជូន​សហគមន៍​អន្តរជាតិ អំពី​សកម្មភាព​វាយ​ប្រហារ​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​ទឹកដី​កម្ពុជា ក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤ និង​ទី​៥ ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ “បទ​ឈប់​បាញ់” និង “សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​កិច្ច​ព្រមព្រៀង​សន្តិភាព” អស់​រយៈពេល ៣​ថ្ងៃ​មក​ហើយ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ បាន​ធ្វើ​បទ​បង្ហាញ​លម្អិត​អំពី​ស្ថានការណ៍​ដែល​កំពុង​កើត​មាន។ ទន្ទឹម​នឹង​នេះ ក្រុម​ការងារ​សម្របសម្រួល​អ្នក​សង្កេតការណ៍​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា (CLG) ក៏​បាន​សម្របសម្រួល​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចូលរួម​ស្តាប់​បទ​បង្ហាញ​នេះ​តាម​រយៈ​ប្រព័ន្ធ ZOOM ផង​ដែរ ដើម្បី​ធានា​នូវ​តម្លាភាព។

តាម​រយៈ​បទ​បង្ហាញ​នេះ ក្រសួង​ការពារ​ជាតិ​បាន​គូស​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ដូច​ខាង​ក្រោម៖ ១. ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​សម្រេច​បាន។ ២. ប្រកាន់​ខ្ជាប់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ប្រឆាំង​ការ​ប្រើប្រាស់​កម្លាំង​យោធា។ ៣. អំពាវនាវ​ឱ្យ​ភាគី​ថៃ​វិល​ត្រឡប់​មក​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ វិញ។

គួរ​រំលឹក​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​កាល​ពី​ខែ​តុលា​កន្លង​ទៅ ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្រោម​អធិបតីភាព​សាក្សី​កម្រិត​ខ្ពស់ គឺ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន៕

អត្ថបទដែលជាប់ទាក់ទង