ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ខណៈថៃចាប់ផ្តើមបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហាញការសោកសង្រេង និងប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពបាញ់ប្រហាររបស់យោធាថៃមកលើកម្ពុជា ដោយឯកឧត្តមបានចាត់ទុកទង្វើនេះថាជាការបំផ្លាញសន្តិភាពកម្ពុជាជាថ្មីម្តងទៀត។
តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបាញ់ប្រហារនេះបានរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ “សេចក្តីថ្លែងការណ៍រួម” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul»។
ពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវបំណងចង់បានសន្តិភាព និងភាពស្មោះត្រង់ក្នុងការដោះស្រាយជម្លោះព្រំដែនដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធានោះទេ។ ឯកឧត្តមបញ្ជាក់ថា ការប្រើប្រាស់មធ្យោបាយយោធា គឺរក្សាទុកសម្រាប់តែការការពារខ្លួនតែប៉ុណ្ណោះ។
យ៉ាងណាមិញ ស្ថានការណ៍ជាក់ស្តែងនៅព្រឹកនេះបានផ្ទុយស្រឡះពីបំណងប្រាថ្នារបស់កម្ពុជា។ ឯកឧត្តមបានពណ៌នាអំពីទិដ្ឋភាពដ៏រន្ធត់ថា៖ «ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើង ដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលារបស់យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ»។
នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ ក្នុងនាមថ្នាក់ដឹកនាំមួយរូប និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា នាពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត និងជំនឿជឿជាក់របស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ពជួរមុខជានិច្ច ដើម្បីការពារបូរណភាពទឹកដីនៃមាតុភូមិ៕
