មហាជនបន្តចូលរួមច្រើនកុះករ នៅថ្ងៃចុងក្រោយនៃ វេទិកា​រដ្ឋាភិបាល​ឌីជីថល​ ឆ្នាំ​២០២៥ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា-អន្តរជាតិ

វេទិកា​រដ្ឋាភិបាល​ឌីជីថល​ ឆ្នាំ​២០២៥ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា-អន្តរជាតិ ឆ្នាំ ២០២៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះពេជ្រ គិត​ត្រឹម​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ គេ​នៅតែ​សង្កេត​ឃើញ​មាន​ភ្ញៀវជាតិ និង​អន្តរជាតិ​ជាច្រើន​កុះករ​បន្ត​សម្រុក​ចូលរួម​ទស្សនា និង​ស្វែងយល់ ជាពិសេស​គឺ​ក្រុម​យុវជន និង​និស្សិត បាន​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ​ ដើម្បី​បង្កើន​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ចុងក្រោយ និង​ដំណើរការ​ បរិវត្តកម្ម​ឌីជីថល នៅ​កម្ពុជា។

គ្រប់​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ក្នុង​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​តាំង​ពិព័រណ៍​សុទ្ធសឹង​តែ​បាន​សម្តែង​នូវ​ក្តី​រីករាយ​ជាខ្លាំង​ក្នុង​ការ​បាន​ចែករំលែក​នូវ​ ចំណេះដឹង​ បច្ចេកវិទ្យា​ថ្មីៗ​ និង​បទពិសោធន៍​ជាក់ស្តែង របស់​ខ្លួន​ជូន​ដល់​អ្នក​ទស្សនា។ ពួកគេ​បាន​ចាត់ទុក​វេទិកា​នេះ​ថា​ជា​ឱកាស​មាស​មួយ​ក្នុង​ការ​បង្ហាញ​ពី​សមិទ្ធផល​នៃ​បរិវត្តកម្ម​ឌីជីថល​របស់​ស្ថាប័ន​រៀងៗ​ខ្លួន ក៏ដូចជា​ផ្តល់​ជា​ការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល។

ព្រឹត្តិការណ៍​រយៈពេល​ ៣ថ្ងៃមកនេះ ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល អ្នក​រៀបចំ​គោលនយោបាយ អ្នកជំនាញ​ឌីជីថល និង​អ្នកអនុវត្ត​ផ្ទាល់​គ្រប់​វិស័យ ក្រោម​ប្រធានបទ​ដ៏​ទូលំទូលាយ​គឺ «ការពន្លឿន​អនាគត​ឌីជីថល៖ អភិបាលកិច្ច កំណើន និង​ភាពជា​ដៃគូ​សកល» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហការ​ជាមួយ​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល។

សូមជម្រាបថា គោលបំណង​ចម្បង​នៃ​វេទិកា​នេះ គឺ​ការ​ចែករំលែក​បទពិសោធន៍​ដ៏​មានតម្លៃ​ក្នុងការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល ពង្រឹង​កិច្ចសហប្រតិបត្តិការ​កម្រិត​តំបន់ និង​សកល និង​បង្ហាញ​ពី​ដំណើរ​វិវឌ្ឍន៍​ឆ្ពោះទៅ​មុខ​នៃ​ យុទ្ធសាស្ត្រ​កំណើន​ឌីជីថល របស់​កម្ពុជា ត្រូវ​បាន​សម្រេច​យ៉ាង​ពេញលេញ។ ការ​ចូលរួម​យ៉ាង​ផុសផុល​ពី​មហាជន​ ជាពិសេស​យុវជន បាន​ក្លាយជា​សញ្ញា​វិជ្ជមាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​ចាប់​យក​បច្ចេកវិទ្យា​សម័យ​ថ្មី​ ដើម្បី​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​មួយ​ដែល​មាន​ប្រសិទ្ធភាព និង​តម្លាភាព​សម្រាប់​ពេល​អនាគត ៕

អត្ថបទដែលជាប់ទាក់ទង