ឯកឧត្តម សុខ លូ ៖ បង្ហាញពីទស្សនៈវិស័យក្នុងការអភិវឌ្ឍ និងរៀបចំក្រុងបាត់ដំបង ឱ្យមានភាពស្អាត បៃតង ឆ្លាតវៃ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ បានបង្ហាញពីទស្សនៈវិស័យក្នុងការអភិវឌ្ឍ និងរៀបចំក្រុងបាត់ដំបង ឱ្យក្លាយទៅជាក្រុងមួយដែលមានភាពស្អាត បៃតង ឆ្លាតវៃ និងងាយស្រួលដើរដើម្បីលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង បង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ការលើកឡើងបរស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យសួនច្បារជុំវិញដងស្ទឹងសង្កែ តំបន់អភិរក្សផ្ទះបុរាណ និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបង។
ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ រដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍជាបន្តបន្ទាប់នូវសួនច្បារពហុបំណង ផ្លូវដើរ ផ្លូវជិះកង់ រំដោះដីចំណីផ្លូវសាធារណៈ រៀបចំសណ្ដាប់ធ្នាប់ និងបង្កើនការដាំដើមឈើនៅក្នុងក្រុងបាត់ដំបង។
សូមជម្រាបថា ក្រុងបាត់ដំបង ជាទីក្រុងវ័យចំណាស់ស៊ីវិល័យធ្លាប់ទទួលបានជ័យលាភីជាទីក្រុងស្អាតរំដួល៣ទង ,ទីក្រុងជ័យលាភីនិរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ,ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ,ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ និងជាទីក្រុងទទួលបានការចុះបញ្ជីក្នុងបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ របស់អង្គការយូណេស្កូ (UCCN)៕
